
មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី រៀបចំពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ អាចារ្យ និងគណៈកម្មការវត្តទូទាំងខេត្ត
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានសហការជាមួយសាលាគណខេត្តទាំងពីរគណៈ រៀបចំពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃតាមឋានានុក្រម អាចារ្យ និងគណៈកម្មការវត្តទូទាំងខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ព្រះមេគណខេត្តទាំងពីរគណៈ។ ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋ និងព្រះសង្ឃ ព្រមទាំងថ្នាក់ដឹកនាំវត្តអារាម ដើម្បីពង្រឹងការគ្រប់គ្រង ថែរក្សាប្រពៃណី ព្រះពុទ្ធសាសនា និងសីលធម៌សង្គមក្នុងខេត្តមណ្ឌលគិរី ឱ្យកាន់តែមានរបៀបរៀបរយ និងរីកចម្រើនតទៅមុខបន្ថែមទៀត៕











