
មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ចែកពូជដំឡូងបារាំងជូនកសិករនៅក្រុងសែនមនោរម្យ ដើម្បីជំរុញការដាំដុះ និងបង្កើនប្រាក់ចំណូល
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកពូជដំឡូងបារាំងជូនដល់បងប្អូនកសិករមកពីក្រុងសែនមនោរម្យ ដើម្បីយកទៅធ្វើការដាំដុះក្នុងរដូវកាលថ្មីនេះ ក្រោមអធិបតីភាព លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។ នៅក្នុងឱកាសនោះ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍លើកទឹកចិត្ត និងគូសបញ្ជាក់អំពីសារសំខាន់នៃដំណាំដំឡូងបារាំង ដែលជាដំណាំមានសក្ដានុពលខ្ពស់ និងទីផ្សារល្អ ស្របតាមអាកាសធាតុត្រជាក់សមស្របនៃខេត្តមណ្ឌលគិរី។ លោក បានបន្តថា ការផ្តល់ពូជដំឡូងបារាំងនាពេលនេះ គឺក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ និងលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ ព្រមទាំងបង្កើនបរិមាណផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។










