
ទេយ្យទាន និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាំយកទៅប្រគេនជូនព្រះសង្ឃទូទាំងខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តមណ្ឌលគិរី៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យព្រះពុទ្ធសាសនាពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បាននាំយកទេយ្យទាន និងអំណោយដ៏ថ្លៃថ្លាទៅប្រគេនជូន ព្រះវិមលថេរ ពេជ្រ សុភ័ក្រ ព្រះមេគុណខេត្ត និងព្រះមន្ត្រីសង្ឃទូទាំងខេត្តមណ្ឌលគិរី មកពីវត្តចំនួន ២៧ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីប្រគល់ និងទទួលទេយ្យទាននេះ បានប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពី លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ។








